លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖
នៅវេលាម៉ោង ១៤:៥៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ដដែលនោះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអមដំណើរគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានបន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាជនសរុបចំនួន ១៥២០គ្រួសារ ស្មើនឹង ៥៧៣៥នាក់។
សូមគូសបញ្ជាក់ថា យោងតាមស្មារតីនៃខ្លឹមសារចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នា ពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា" ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន"។ គិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅមានប្រជាពលរដ្ឋ ៧៨.៣៩៣នាក់ទៀត ពុំទាន់អាច វិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានកុមារ ២៦.៣៨៥នាក់។
ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
.jpg)
.jpg)
.jpg)


.jpg)
.jpg)
.jpg)
.jpg)