កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសម្នាក់ដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវឃោរឃៅ កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយលោកអនុប្រធាននាយកដ្ឋានជាច្រើនរូប បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០:៣៥ នាទី រំលងអធ្រាត្រ មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ជនសង្ស័យមានឈ្មោះ ពៅ ពិទូ អាយុ ៤៤ ឆ្នាំ (ត្រូវជាប្តីចុង) បានប្រើអំពើហិង្សាកាប់ទៅលើជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ អាយុ ៣៣ ឆ្នាំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រួចក៏គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕





