មន្ត្រីជំនាញបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះអន្តរាគមន៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាម ក្នុងស្រុកកំពង់ត្រឡាច
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

មន្ត្រីជំនាញបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះអន្តរាគមន៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាម ក្នុងស្រុកកំពង់ត្រឡាច


 ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍បន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វ នៅក្នុងឃុំសែប និងឃុំច្រេស ស្រុកកំពង់ត្រឡាច។
​យុទ្ធនាការនេះបានធ្វើឡើងក្នុងភូមិសាស្ត្រភូមិខ្នាយកកោះថ្មី, ភូមិប្រវឹកពង, ភូមិខ្នាយកកោះ និងភូមិទឹកល្អក់ ក្នុងគោលបំណងត្រួតពិនិត្យស្ថានភាពសុខភាពសត្វ និងវាយតម្លៃតាមរោគសញ្ញាជាក់ស្តែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៅតំបន់ផ្សេងទៀត។
លទ្ធផលនៃប្រតិបត្តិ
ការចាក់វ៉ាក់សាំង៖ បានចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់គោ-ក្របីចំនួន ១២៥ក្បាល (ស្មើនឹង ១៨គ្រួសារ) ក្នុងភូមិក្បាលថ្នល់។
​ ចែកសម្ភារបរិក្ខារបសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន ៤នាក់ និងចែកថ្នាំប្លឺមេទីឡែន (Blue Methylene) ជូនកសិករចំនួន ៩៥គ្រួសារ។
​មន្ត្រីជំនាញបានណែនាំឱ្យកសិករចេះធ្វើអនាម័យអាងសត្វ, ញែកសត្វឈឺចេញពីសត្វជា, ផ្អាកការលែងសត្វពាសវាលពាសកាល និងត្រូវផ្តល់ចំណី-ទឹកឱ្យបានគ្រប់គ្រាន់។
​តាមការពិនិត្យបឋម សត្វដែលមានបញ្ហាសុខភាពមានរោគសញ្ញាដូចជា៖ កម្ដៅឡើងខ្ពស់, មិនសូវដើរ, អន់ចំណី, មានពងបែកមាត់ អណ្ដាត និងក្រចក ដែលសង្ស័យថាជា “ជំងឺអុតក្ដាម”។
​ក្រៅពីការទប់ស្កាត់ជំងឺ មន្ត្រីជំនាញក៏បានចុះពិនិត្យ និងជួយរកដំណោះស្រាយលើការចិញ្ចឹមទាពងរបស់កសិករឈ្មោះ ម៉ូត ស្រីនិ នៅភូមិព្រៃពិស ឃុំច្រេស ដោយក្នុងនោះក្រុមការងារបានជួយទិញពងទាចំនួន ១,២០០គ្រាប់ ដើម្បីសម្រាលបន្ទុកទីផ្សាររបស់កសិករផងដែរ។ទិសដៅបន្ត
​ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត នឹងបន្តតាមដានស្ថានភាពជំងឺយ៉ាងកៀកកិត ព្រមទាំងត្រៀមផែនការចាក់វ៉ាក់សាំងឡោមព័ទ្ធជុំវិញតំបន់ដែលផ្ទុះជំងឺ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងស្រុង៕





Previous Post Next Post