សារ​ពិ​សេ​​ស​រ​ប​ស់ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​​​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ផ្ញើ​ជូ​ន​​ចំ​ពោះ​ប​ង​ប្អូ​ន​វី​រ​ក​ង​ទ័​ព​​ ​និ​ង​ ​វី​រ​ន​គ​រ​បា​ល​​ ដ៏​អ​​ង់​អា​ចក្លា​​ហា​ន​គ្រ​ប់​រូ​ប​ និ​ង ​ប​ង​ប្អូ​ន​ជ​ន​រួ​ម​ជា​តិ​​ ​ពា​ក់​ព័​ន្ធ​នឹ​ង​ប​ទ​ឈ​ប់​បា​ញ់​​ ​ថ្ងៃ​ទី​២​៧​ ​ខែ​​ធ្នូ ​ឆ្នាំ​២​០​២​៥​ ​ក្នុ​ង​ជ​ម្លោះ​​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សារ​ពិ​សេ​​ស​រ​ប​ស់ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​​​ ​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ផ្ញើ​ជូ​ន​​ចំ​ពោះ​ប​ង​ប្អូ​ន​វី​រ​ក​ង​ទ័​ព​​ ​និ​ង​ ​វី​រ​ន​គ​រ​បា​ល​​ ដ៏​អ​​ង់​អា​ចក្លា​​ហា​ន​គ្រ​ប់​រូ​ប​ និ​ង ​ប​ង​ប្អូ​ន​ជ​ន​រួ​ម​ជា​តិ​​ ​ពា​ក់​ព័​ន្ធ​នឹ​ង​ប​ទ​ឈ​ប់​បា​ញ់​​ ​ថ្ងៃ​ទី​២​៧​ ​ខែ​​ធ្នូ ​ឆ្នាំ​២​០​២​៥​ ​ក្នុ​ង​ជ​ម្លោះ​​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​

 ​​


ថ្ងៃ​នេះ ​ក្នុ​ង​​នា​ម​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​ ខ្​ញុំ​ព្រះ​ក​​រុ​ណា​ ​ទូ​ល​ព្រះ​ប​ង្គំ​ ​ខ្ញុំ​ ​សូ​ម​ផ្ញើ​នូ​​វ​សា​រ​មួ​យ​ ​ទៅកា​ន់​​ប​ង​ប្អូ​ន​ជ​ន​រួ​ម​ជា​តិ​ទាំ​ង​​អ​ស់​ ​នៅ​ក្នុ​ង​វេ​លា​ដែ​​ល​មា​តុ​ភូ​មិ​ក​ម្ពុ​ជា​ជា​ទី​ស្រ​ឡា​​ញ់​រ​ប​ស់​យើ​ង​បា​ន​ ​​និ​ង​ ​កំ​ពុ​ង​រ​ង​សោ​​ក​នា​ដ​ក​ម្ម​នៃ​ស​ង្គ្រា​ម​ឈ្លា​ន​​ពា​ន​ ​ក្រោ​យ​ពី​កា​រ​ទ​ទួ​ល​បា​ន​ស​​ន្តិ​ភា​ព​ពេ​ញ​លេ​ញ​ ​នៅ​ឆ្នាំ​ ​១​៩​៩​៨​ ​។​​ ​ក​ម្ពុ​ជា​បា​ន​ឆ្ល​ង​កា​ត់​យ៉ា​ង​ឆ្អែ​ត​ឆ្អ​​ន់​នូ​វ​ភ្ន​ក់​ភ្លើ​ង​ស​ង្រ្គា​​ម​រា​ប់​រ​យ​ឆ្នាំ​ ​រួ​​ម​ទាំ​ង​រ​ប​ប​ប្រ​ល័​យ​ពូ​ជ​សា​​ស​ន៍​ ​ដែ​ល​នាំ​ឱ្យ​ប្រ​ជា​ព​​ល​រ​ដ្ឋ​កម្ពុ​ជាគ្រ​ប់​រូ​​ប​ ​ស្គា​ល់​ត​ម្លៃ​ពិ​ត​ប្រា​ក​​ដ​នៃ​ ​«​ស​ន្តិ​ភា​ព​​»​ ​ហើ​យ​ក្នុ​ង​កា​លៈ​ទេ​សៈ​​នេះ​ ​យើ​ង​ពិ​ត​ជា​គ្មា​ន​ប្រា​​ថ្នា​អ្វី​ផ្សេ​ង​ឡើ​យ​ ​ក្រៅ​ពី​​សុ​ខ​ស​ន្តិ​ភា​ព​ ​និ​​ង​​ ល​ទ្ធ​ភា​ព​ ​ក្នុ​​ង​កា​រ​អ​ភិ​វ​ឌ្ឍប្រ​ទេ​ស​ឱ្យ​​មា​ន​កា​រ​រី​ក​ច​ម្រើ​ន​​ ​។​ ​ក្នុ​ង​ន័​យនេះ​ ​ក​ម្ពុ​​ជា​ផ្ត​ល់​ត​ម្លៃ​ខ្ព​ស់​បំ​ផុ​​ត​ ​ចំ​ពោះ​ «​ស​ន្តិ​​ភា​ព​ ​និ​ង​ ​កា​រ​​អ​ភិ​វ​ឌ្ឍ​»​ ​​ហើ​យ​ក​ម្ពុ​ជា​តែ​​ង​តែ​គាំ​ទ្រ​ ​និ​ង​ ​​ចូ​ល​រួ​ម​អ​នុ​វ​ត្ត​ដោ​​យ​សុ​ច​រិ​ត​​ ​នូ​វ​ស​ណ្តា​ប់​ធ្នា​ប់​តំ​ប​​ន់ ​និ​ង​ ​ស​​ក​ល​ ​ដោ​យ​ផ្អែ​​ក​លើ​ច្បា​ប់​អ​ន្ត​រ​ជា​តិ​ ​ស​​ន្ធិ​ស​ញ្ញា​​ ​អ​នុ​ស​ញ្ញា​ ​និ​ង​​ ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​នា​នា​ ​​ដែ​ល​ក​ម្ពុ​ជា​បា​ន​ទ​ទួ​ល​យ​ក​ ​ជា​ពិ​សេ​ស​ធ​ម្ម​​នុ​ញ្ញ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​និ​​ង ​​ធ​ម្ម​នុ​ញ្ញ​អា​ស៊ា​ន​ ​​ក្នុ​ង​គោ​ល​ដៅ​ច​ង់​រួ​ម​រ​ស់​​ប្រ​ក​ប​ដោ​យ​ស​​ន្តិ​ស​ហ​វិ​ជ្ជ​មា​ន​ ​ជា​​​មួ​យ​គ្រ​ប់​ប​ណ្តា​​ប្រ​ទេ​ស​ទាំ​ង​អ​ស់​ ​​ទាំ​ង​​ប្រ​ទេស​នៅ​ជិ​ត​ខា​ង ​ក្នុ​ង​តំ​ប​​ន់​ ​និ​ង​ ​លើ​ស​ក​ល​​លោ​ក​ ​។​


ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ  និង វិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។


ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។


ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក ប្តី កូន ពូ មីង បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ។


ជាការពិត «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។


ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និង ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូន    គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញ ឱ្យបានឆាប់បំផុត នូវការងារវាស់វែង និង ខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ពិសេស នៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅ ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។


លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិផងដែរថា ខ្ញុំបានផ្តល់ការណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និង រៀបចំការសម្របសម្រួល ដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ។


មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។


បន្ថែមលើនេះ សេចក្តីថ្លែងការណ៍រួមនេះ ក៏បានគូសរំលេចអំពីការបេ្តជ្ញារួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀត ដោយប្រើប្រាស់យន្តការ និង អនុលោមតាមកិច្ចព្រមព្រៀង ដែលមានជាធរមាន ។ ក្នុងន័យនេះ សេចក្តីថ្លែងការណ៍រួមនេះ ក៏ជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមក រួមមាន សេចក្តីប្រកាសព័ត៌មានរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ និង សេចក្តីថ្លែងការណ៍រួម ទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ រួមបញ្ចូលនូវឯកសារព្រមព្រៀងផ្សេងទៀត ដែលសមេ្រចបានមក នៅក្រោមខណ្ឌកិច្ចព្រមព្រៀងនេះ ព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀត រវាងកម្ពុជា និង ថៃ ។


ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ ជាពិសស សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និង បណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដែលបានជួយជ្រោមជ្រែង និង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនេះ តាំងពីដើមទីមក ពោលគឺ តាំងពីការរៀបចំនូវបទឈប់បាញ់ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់គោលជំហរអនុវត្តពេញលេញ និង ដោយស្មោះត្រង់ នូវសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ និង សូមស្វាគមការចូលរួមរបស់ប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់ការធានានូវការអនុវត្តសេចក្តីប្រកាសរួមនេះ ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព ពិសេស ក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះ ។


ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវកត្តញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្ម ដើម្បីជាតិ និង មាតុភូមិ និង តែងយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ ពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះ ។


ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ហើយក៏សូមសម្តែងនូវការកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និង ស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជនរួមជាតិគ្រប់រូប ពីគ្រប់ទិសទី ទាំងក្នុង និង ក្រៅប្រទេស ។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និង គ្រប់ជំនាន់ ។


ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង ។


ជាថ្មីម្តងទៀត បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត ការឈឺចាប់ និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ ។


ខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ ។


ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមប្រសិទ្ធពរជូនដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និង បងប្អូនជនរួមជាតិជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕



Previous Post Next Post