ខេត្តកំពង់ធំ៖ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ នៅក្នុងភូមិសាស្ត្រឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានកាប់បំផ្លាញ និងរឹបអូសឧបករណ៍ល្មើសច្បាប់សរុបជាង ៥,៦០០ ម៉ែត្រ។
ប្រតិបត្តិការនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅវេលាម៉ោង ៩យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ និងបន្តនៅព្រឹកឡើងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ដឹកនាំប្រតិបត្តិការដោយផ្ទាល់ដោយ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយសហការជាមួយសហគមន៍នេសាទបឹងផ្ដៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ។
នៅយប់ថ្ងៃទី០១ ខែធ្នូ៖ កម្លាំងបានចុះរុករកកន្លែងដាក់ឆ្នុកនេសាទត្រីដោយប្រើអំពូលភ្លើងនៅតំបន់វាលក្រោម ក្នុងទឹកដីឃុំសំព្រោច តែក្រុមជនល្មើសបានដឹងខ្លួនមុនរត់គេចខ្លួនអស់។
នៅព្រឹកថ្ងៃទី០២ ខែធ្នូ៖ កងកម្លាំងបានបន្តកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ ដែលលួចដាក់របាំងសាច់អួនក្រឡាញឹក នៅតំបន់ទ្រនំជ្រឹង ព្រែកទឹកថ្លា បឹងកូនសត្វ និងតំបន់បែកក្អម ស្ថិតនៅឃុំសំព្រោច ស្រុកស្ទោង។
ជាលទ្ធផល កម្លាំងបានរុះរើ និងកាប់បំផ្លាញនៅនឹងកន្លែងនូវរបាំងសាច់អួនក្រឡាញឹកចំនួន ៤របាំង ដែលមានប្រវែងសរុបជាង ៥,៦០០ ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនធំទៀត។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ភាពជោគជ័យនៃប្រតិបត្តិការនេះ គឺបានមកពីការទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ និងពីប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោច ស្រុកស្ទោង ព្រមទាំងការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក សោម សុភាវុធ។
ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំ, ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តថា នឹងបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះជាដាច់ខាត ស្របតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមជាតិនិងប្រជាជន៕






