នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចលុបចោលបម្រាមលើការលក់សព្វាវុធមកឱ្យប្រទេសកម្ពុជា ។
ពោលគឺបន្ទាប់ពីកម្ពុជា-ថែសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមសន្តិភាពមួយរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន( ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) ។នេះបើយោងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិអេភី(AP) ថ្ងៃទី០៧ ខែវិច្ឆិកានេះ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ូអូ( Marco Rubio) បញ្ជាក់ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែវិច្ឆិកា របស់ក្រសួងនេះថា : ការសម្រេច ចិត្តដកបម្រាមធ្វើជំនួញអាវុធជាមួយកម្ពុជានេះធ្វើឡើងដោយផ្អែកលើការខ្នះខ្នែងស្វែងរកសន្តិភាពនិងសន្តិសុខរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិកឡើងវិញ លើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
យោងតាមសេចក្តីជូនដំណឹងដដែលនេះ ” ការលក់អាវុធដល់កម្ពុជានឹងត្រូវបានអនុញ្ញាតជាមូលដ្ឋាន ទៅតាមករណីនីមួយៗ ក្រោមលក្ខណៈវិនិច្ឆ័យធម្មតា ” ។
គួររម្លឹកដែរថា កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកចូ បៃដិន បានសម្រេចដាក់ទណ្ឌកម្ម រឹតបន្តឹងការលក់ដូរអាវុធ និងសម្ភារៈយោធាដល់ប្រទេសកម្ពុជា។ការដាក់ទណ្ឌកម្មនោះ ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ធ្វើឡើងនៅចំពោះមុខការកើនឡើងនៃឥទ្ធិពលយោធាចិននៅកម្ពុជានិងដើម្បីជំរុញឲ្យកម្ពុជាងាកមកគិតគូរពីការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយនៅក្នុងប្រទេស៕



