សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្ដអំពាវនាវប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដអភិវឌ្ឍន៍ខឿនការពារជាតិ ដោយសម្ដេចបានបញ្ជាក់ថា មិនត្រឹមតែរាជរដ្ឋាភិបាលនោះទេ ដែលមានតួនាទីការពារជាតិ គឺប្រជាពលរដ្ឋក៏មានតួនាទីការពារជាតិដូចគ្នា។
ការអំពាវនាវរបស់សម្ដេចតេជោបែបនេះ ត្រូវបានធ្វើឡើងក្នុងខណៈសម្ដេចអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះមរនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបន្ដគាំទ្រ និងជួយដល់វិស័យការពារជាតិ តាមរយៈការផ្ដល់ជំនួយ សម្ភារៈជួយដល់សុវត្ថិភាពរបស់កងទ័ព។ សម្ដេចតេជោបានមានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្ដោយឱ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាថ្មីថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព ខណៈរឿងនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។
សម្ដេចតេជោមានប្រសាសន៍បានគូសបញ្ជាក់ថា៖ «សូមកុំភ័ន្ដច្រឡំថារាជរដ្ឋាភិបាល កាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាព ខណៈប៉ុន្មានថ្ងៃមកនេះថៃបានគំរាមវាយយកប្រាសាទតាក្របីរបស់កម្ពុជា។ ដូច្នេះ បើជ្រុលតែកាត់ដី ដោះដូរសន្ដិភាពជាមួយគេ មិនចាំបាច់ច្បាំងគ្នាប៉ុន្មានថ្ងៃកន្លងមកនោះទេ គឺឱ្យប្រាសាទទៅគេតែម្ដងបាត់ទៅហើយ»។ សម្ដេចតេជោ ក៏បានផ្ដាំទៅដល់អ្នកលេងបណ្ដាញសង្គម សូមកុំរពឹសដៃទៅខមិនជាមួយក្រុមអ្នកបង្ហោះសារញុះញុងដែលអាចនាំឱ្យពាក់ព័ន្ធនឹងករណីអសន្ដិសុខជាតិ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថា ភាគីកម្ពុជា និងថៃ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជាបានបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ប្រភពអាកាប៉េ

.jpg)
