អន្តរជាតិ ៖ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីតំបន់ Wonsan ឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នេះបើយោងតាមគណៈសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង បានឱ្យដឹង នៅថ្ងៃសៅរ៍នេះ។
JCS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញនៅវេលាម៉ោងប្រហែល ៥ និង ២០ ព្រឹក ហើយបានហោះក្នុងចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ។ សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថា ទោះជាយ៉ាងណា អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគយ៉ាងលម្អិតអំពីលក្ខណៈបច្ចេកទេសរបស់មីស៊ីលទាំងនោះ។
ទន្ទឹមនោះ អាជ្ញាធរចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានតាមដាន និងចែករំលែកព័ត៌មានអំពីការបាញ់បង្ហោះទាំងនេះ ខណៈដែលព័ត៌មានអំពីមីស៊ីលផ្លោងទាំងនោះក៏ត្រូវបានចែករំលែកជាមួយប្រទេសជប៉ុនផងដែរ។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះ (JCS)។
ជាមួយគ្នានោះ យោធាកូរ៉េខាងត្បូង ក៏កំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់កូរ៉េខាងជើង និងរក្សាបាននូវសមត្ថភាពព្រមទាំងការត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាពបង្កហេតុ ក្រោមយុទ្ធសាស្ត្រការពាររួមជាមួយសហរដ្ឋអាមេរិក។
ដោយឡែក ការិយាល័យប្រធានាធិបតី បានឱ្យដឹងថា ទន្ទឹមនឹងការបាញ់សាកល្បងនេះ ការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានកោះប្រជុំសន្តិសុខបន្ទាន់មួយផងដែរ ដោយមានការចូលរួមពីក្រសួងការពារជាតិ, អគ្គសេនាធិការចម្រុះ (JCS) និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
គួរបញ្ជាក់ថា នៅចុងខែមុន កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងចំពោះផែនការធ្វើសមយុទ្ធដែលមានឈ្មោះថា «Freedom Edge» នៅដែនទឹកអន្តរជាតិក្បែរកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជា «ការគំរាមកំហែង» ដល់ទីក្រុងព្យុងយ៉ាង និងប្រទេសដទៃទៀតនៅក្នុងតំបន់។ ភាពតានតឹងរវាងភាគីទាំង ២ តែងតែកើតឡើងតាមរយៈការបាញ់សាកល្បងមីស៊ីល និងការធ្វើសមយុទ្ធ៕


