រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ នឹងបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង ព្រមទាំងគូកន ២នាក់ទៀត រួមមានលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ACU នឹងបញ្ជូនជនសង្ស័យទាំង ៣រូប ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤:០០ នាទីល្ងាចថ្ងៃនេះ។
សូមបញ្ជាក់ថា លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន ACU នាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់បន្ថែមថា៖ «លោក ថូ សំណាង បានសារភាពថា បានលួចយកសន្លឹកទិដ្ឋាការ (Visa) ប្រភេទ C និង Cex ទៅប្រើប្រាស់ខុសច្បាប់ជាង ៦,០០០សន្លឹក។ ដោយឡែក សន្លឹកទិដ្ឋាការដែលនៅសល់ប្រមាណ ៤,០០០សន្លឹកទៀត ជនសង្ស័យបានអះអាងថាបានកម្ទេចចោល ហើយ ACU កំពុងបន្តស្រាវជ្រាវស្វែងរក»។ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា សន្លឹកទិដ្ឋាការដែលបញ្ចេញដោយខុសច្បាប់ទាំងនោះ ត្រូវបានជនបរទេសប្រព្រឹត្តបទល្មើស Online Scams យកទៅប្រើប្រាស់។
គួររំឭកផងដែរថា លោក ថូ សំណាង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ និងបានតែងតាំងជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋានៈស្មើអគ្គនាយក៕

