ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីអ្នកបើកបរងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង កាលពីវេលាម៉ោង ០៧:២៥នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៨-២១៩ ស្ថិតក្នុងភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក តូយ៉ូតា អាល់ផាត (Toyota Alphard) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO-8181 បើកបរក្នុងទិសដៅពីត្បូងទៅជើង។ បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ (រងរបួសធ្ងន់)។
ក្នុងហេតុការណ៍នេះដែរ បានបណ្តាលឱ្យអ្នករួមដំណើរចំនួន ៤នាក់ផ្សេងទៀតរងរបួស រួមមាន៖
១. ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅភ្នំពេញ (របួសស្រាល)
២. ឈ្មោះ ធា រី ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅខេត្តព្រៃវែង (របួសធ្ងន់)
៣. ឈ្មោះ រ៉េត បូរិន ភេទប្រុស ទីលំនៅភ្នំពេញ (របួសធ្ងន់)
៤. ឈ្មោះ ឡា វីឡា ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅភ្នំពេញ (របួសធ្ងន់)
ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្ទោងភ្លាមៗ។ ដោយឡែក វត្ថុតាងរថយន្តដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


