ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឲ្យដឹងថា ៖ ជនសង្ស័យជាឃាតកមុខស្រស់ដែលបានយកកាំបិតផ្គាក់កាប់ក្លើអង្គុយផឹកស៊ីជាមួយគ្នាតែ២នាក់ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ឃាត់ខ្លួនបានហើយ។
គួររំលឹកថា ករណីនេះកើតឡើងនៅវេលាម៉ោង ៧:៣០ យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី ។
គឺបង្កឡើងដោយជនល្មើសឈ្មោះ ផល្លី ផានិត ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំសឿ បានយកកាំបិតខ្វែវប្រវែង១ម៉ែត្រទៅកាប់លើជនរងគ្រោះឈ្មោះ សុខន ឃីម ភេទប្រុស អាយុ២៣ឆ្នាំ លំនៅភូមិបឹងតូច ឃុំសឿ ។ជនរងគ្រោះត្រូវត្រង់ដៃ និងត្រូវកដាច់បំពង់ ក បណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបន្តថា ៖ មូលហេតុផឹកស៊ីជាមួយគ្នា ហើយទំនាស់ពាក្យសំដីគ្នា ខឹងជនរងគ្រោះនិយាយច្រើនតែម្នាក់ឯងពេក ខ្លួនមិនបាននិយាយដែរក៏
ឈានទៅដល់ការប្រើអំពើហឹង្សា ។បន្ទាប់ពីកើតហេតុ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកមង្គលបូរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសឿបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីបន្តនិតិវិធីច្បាប់៕

