ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះចុះត្រួតពិនិត្យការគ្រប់គ្រង និងការពារតំបន់ដែនជម្រកសត្វព្រៃបឹងពែ ស្ថិតក្នុងតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត និងជាប្រធានទីបញ្ជាការស្រាលប្រចាំតំបន់ជាំក្របី បានរាយការណ៍ថា ដែនជម្រកសត្វព្រៃបឹងពែនៅប៉ែកខាងកើតស្ទឹងស្ទោង មានផ្ទៃដីសរុបជាង ២០,០០០ហិកតា។ កាលពីមុនឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មានជនល្មើសបានលបលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់អស់ប្រមាណជាង ៤ហិកតា នៅតំបន់ត្រពាំងតាយស និងតំបន់កន្សែងធំ។ បច្ចុប្បន្ន ផ្ទៃដីដែលរងការទន្ទ្រាននោះ ត្រូវបានកម្លាំងចម្រុះយាមល្បាតយ៉ាងម៉ត់ចត់ មិនអនុញ្ញាតឱ្យមានការដុតរាន ឬដាំដុះអ្វីឡើយ ខណៈសំណុំរឿងត្រូវបានមន្ទីរបរិស្ថានរៀបចំបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ។
មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កងកម្លាំងចម្រុះទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារព្រៃឈើ និងដីព្រៃដែលរងការកាប់បំផ្លាញបានយ៉ាងល្អ។ លោកបានកត់សម្គាល់ដោយក្តីរីករាយថា ដីព្រៃដែលរងការទន្ទ្រាននាឆ្នាំកន្លងទៅ ពេលនេះបានចាប់ផ្តើមដុះលូតលាស់ជាព្រៃធម្មជាតិឡើងវិញហើយ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រចាំការទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាននូវរាល់ការលបលួចកាប់ទន្ទ្រានព្រៃឈើជាថ្មីម្តងទៀត។ លោកបញ្ជាក់ថា៖
”ក្នុងករណីជួបប្រទះបទល្មើសជាក់ស្តែង ហើយជនល្មើសនៅតែរឹងទទឹងលបលួចកាប់បំផ្លាញព្រៃឈើ ត្រូវឃាត់ខ្លួនបញ្ជូនទៅស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ទៅកាន់តុលាការ ដោយគ្មានការលើកលែងឡើយ។”
ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់ការបំពេញភារកិច្ច ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រគល់ជូនដល់កងកម្លាំងចម្រុះសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងធ្វើដំណើរល្បាតប្រចាំថ្ងៃផងដែរ៕




