(ភ្នំពេញ) ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកងកម្លាំងយោធាថៃ ដែលបានពង្រីកវិសាលភាពនៃការវាយប្រហារចូលមកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបានបាញ់ប្រហារដោយប្រើអាវុធធុនធ្ងន់ និងធុនតូច មកលើប្រជាជនស៊ីវិលដោយមិនរើសមុខ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា បន្ទាប់ពីបានបើកការបាញ់ប្រហារនៅទិសយោធភូមិភាគទី៤ (ខេត្តព្រះវិហារ និងឧត្តរមានជ័យ) តាំងពីម៉ោង ០៥:០៤នាទីព្រឹក រហូតមកដល់វេលាម៉ោង ១៣:៣៦នាទីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តពង្រីកការវាយប្រហាររបស់ខ្លួនចូលមកក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ នៃខេត្តបន្ទាយមានជ័យបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងហេតុការណ៍រសៀលនេះ យោធាថៃបានបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើភូមិឋានប្រជាពលរដ្ឋ គឺនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការវាយប្រហារនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថាជា «ទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ និងល្មោភសង្គ្រាម» មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការបើកការវាយប្រហារនេះកើតឡើងបន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពបង្កហេតុ និងញុះញង់ជាច្រើនថ្ងៃមកហើយ ព្រមទាំងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបំភ័ន្តមតិសាធារណៈ ចោទប្រកាន់ និងមួលបង្កាច់កម្ពុជា ដើម្បីយកធ្វើជាលេសបង្កភាពតានតឹងផ្នែកយោធា។
ទោះបីជាស្ថិតក្នុងស្ថានភាពដ៏តានតឹង និងរងការវាយប្រហារយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា «កងកម្លាំងកម្ពុជាមិនទាន់បានធ្វើការបាញ់តបតអ្វីនៅឡើយទេ»។ ការអត់ធ្មត់នេះ គឺដើម្បីបង្ហាញពីការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ និងគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ។
ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យតាមដានស្ថានការណ៍នេះដោយយកចិត្តទុកដាក់ និងទទួលស្គាល់នូវការពិតនៃអំពើឈ្លានពាននេះ៕ប្រភពអាកាប៉េ

