រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលមានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានសរុបមានចំនួនជិត២០០នាក់ មកពី១០៩ស្ថាប័ន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ផងដែរ។
វេទិកានេះ ពិភាក្សាយ៉ាងសកម្ម ដោយផ្តោតលើការផ្តល់ការយល់ដឹង និងការណែនាំអំពីស្តង់ដារវិជ្ជាជីវៈ សីលធម៌សារព័ត៌មាន និងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន និងការលើកឡើងអំពីសារៈសំខាន់នៃការជៀសវាងព័ត៌មានមិនពិត ព័ត៌មានបំភាន់ និងការប្រើប្រាស់ភាសាដែលអាចបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងជៀសវាងបញ្ហាប្រឈមផ្លូវច្បាប់ និងការរិះគន់ពីមហាជន។
អង្គវេទិកាបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មាន ក្នុងការជំរុញ ការអប់រំ និងបណ្តុះបណ្តាលអ្នកសារព័ត៌មាន ឲ្យមានការទទួលខុសត្រូវខ្ពស់លើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ ការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ឆ្នាំនេះក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ ដែលសម្របសម្រួលដោយលោក ពុយ គា ប្រធាន ក.អ.ក ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៕ដោយ កែវ ចាន់ឌួង
.jpg)
.jpg)
.jpg)


.jpg)


.jpg)









.jpg)