ខេត្តព្រៃវែង៖ ក្រោមការបញ្ជាផ្ទាល់ និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងការដឹកនាំនីតិវិធីដោយយកចិត្តទុកដាក់ពីឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញា កម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវនិងបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ចំនួន៥ក្រុម នៅតាមស្រុកផ្សេងៗក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ។
ក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ទាំងនេះ ដែលគេស្គាល់ថាជា “ចងការប្រាក់” មានសាខា ភ្នាក់ងារច្រើន និងប្រព័ន្ធប្រតិបត្តិការស្មុគស្មាញជាមួយផែនការច្បាស់លាស់។ ទុនកម្ចីដែលបានផ្តល់ជូនប្រជាពលរដ្ឋមានទឹកប្រាក់រាប់ពាន់លានរៀល។ តាមការស្រាវជ្រាវ និងចម្លើយសារភាព ក្រុមនេះផ្តល់ប្រាក់កម្ចីដោយគិតការប្រាក់ចន្លោះពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែ លើប្រាក់ដើមសរុប ដោយតម្រូវឱ្យប្រជាពលរដ្ឋសងប្រាក់ថេរជារៀងរាល់ថ្ងៃ។
ទោះជាប្រជាពលរដ្ឋសងប្រាក់ដើមមួយចំនួនត្រឡប់មកវិញជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែក្រុមផ្តល់កម្ចីមិនបានកាត់បន្ថយការប្រាក់ស្របតាមប្រាក់ដើមដែលសងរួចឡើយ។ នៅពេលគណនាឱ្យបានត្រឹមត្រូវ ការប្រាក់ជាក់ស្តែងអាចឡើងដល់ ៨០ ភាគរយនៃប្រាក់ដើមក្នុងរយៈពេលតែមួយខែ ដែលជាបន្ទុកធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នកខ្វះការយល់ដឹង និងអ្នកដែលស្ថិតក្នុងភាពក្រីក្រគ្មានជម្រើស។
កម្លាំងនគរបាលបានខិតខំស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវធំបំផុតនៃបទល្មើសនេះ និងប្តេជ្ញាលុបបំបាត់សកម្មភាពផ្តល់ប្រាក់កម្ចីខុសច្បាប់ឱ្យអស់ពីខេត្តព្រៃវែង។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់ខ្ចីប្រាក់ពីក្រុមទាំងនេះ ដើម្បីជៀសវាងហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិ ដូចជាដីធ្លី និងផ្ទះសម្បែង ក្នុងរយៈពេល១ ឬ ២ឆ្នាំខាងមុខ។
លើសពីនេះ លោកបានស្នើឱ្យកម្លាំងនគរបាលទាំងអស់បង្ក្រាបភ្លាមៗនូវរាល់សកម្មភាពផ្តល់ប្រាក់កម្ចីខុសច្បាប់នៅក្នុងខេត្ត និងចាត់វិធានការការពារប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនឹងផ្សព្វផ្សាយព័ត៌មានលម្អិតស្តីពីប្រតិបត្តិការបង្ក្រាបនេះជូនសាធារណជននៅថ្ងៃនេះ៕


