រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃសុក្រទី៣១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសន្និសីទសារព័ត៌មាន «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយក្លឹបអ្នកសារព័ត៌មានកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)បានថ្លែងថា ដោយឃើញពីសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋ កាលពីកម្មវិធីពិព័រណ៌លើកទី១ក្នុងខែកញ្ញាកន្លងទៅ សហគ្រាសធុនតូច និងមធ្យម នឹងរៀបចំពីព័រណ៍ផលិតផលខ្មែរជាលើកទី២ ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលនឹងដាក់បង្ហាញផលិតផលខ្មែរចំនួនជាង២០០មុខ ស្មើនឹង២៧០សហគ្រាស។
សូមជម្រាបថា ពិព័រណ៍ផលិតផលខ្មែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលត្រូវបានរៀបចំឡើងជាញឹកញាប់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គោលបំណងសំខាន់នៃពិព័រណ៍ គឺការយល់ដឹង និងបណ្តុះស្មារតីគាំទ្រការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋផងដែរ។
ឧកញ៉ា តែ តាំងប៉ ក៏បានស្នើផងដែរឱ្យអ្នកផលិត ផលិតឱ្យបានស្របតាមស្ដង់ដាសុវត្ថិភាព ហើយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃ យកផលចំណេញក្នុងពេលដែលប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកនោះទ្បើយ ដូច្នេះនេះជាពេលដ៏ល្អដែលពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកនិងពហិការទំនិញថៃ ដោយសារស្អប់ទង្វើដែលថៃឈ្លានពានកម្ពុជា។
ឧកញ៉ាបន្តថា កន្លងមក រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញការគាំទ្រផលិតផលជាតិ។ ឧកញ៉ា តែ តាំងប៉ បន្ថែមថា នៅពេលដែលពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក អ្នកផលិតត្រូវផលិតឱ្យត្រឹមត្រូវតាមស្តង់ដារ ហើយអ្វីដែលមិនគប្បីសូមកុំប្រព្រឹត្ត ព្រោះការពហិការនេះគឺជាសញ្ញាជាតិមួយ ដូច្នេះត្រូវគិតពីប្រជាជនរបស់ខ្លួនដែលជាអ្នកប្រើប្រាស់បើទោះបីជាមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរក្ដី ប៉ុន្តែភាពស្រពិចស្រពិលនៅតែមាន ហើយដើម្បីបណ្ដុះស្មារតីជាតិនិយម ស្របនឹងកាលៈទេសៈប្រជាជនកម្ពុជាកំពុងតែពហិការមិនប្រើប្រាស់ផលិតផលថៃ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលសមាគម ឧកញ៉ាបានលើកឡើងថា SME មានឱកាសច្រើនណាស់ក្នុងការផលិត និងពង្រឹងផលិតផលក្នុងស្រុក ដោយមិនរំពឹងពីការបើកច្រកព្រំដែនរបស់ភាគីថៃឡើយ។
នាឱកាសនោះដែរ ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ក្លឹបអ្នកសារព័ត៌មានកម្ពុជាដែលមានលោក ពុយ គា ជាប្រធានក្លឹប និងអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មផ្សព្វផ្សាយពិព័រណ៍ផលិតផលខ្មែរកន្លងទៅ ទើបកម្មវិធីនាពេលនោះទទួលបានជោគជ័យ ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)