ខេត្កកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក យិន សំ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក អោង គឹមលាង ប្រធានក្រុមប្រឹក្សាស្រុកមុខកំពូល និងលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ នៃកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ សពតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិចំការត្រាច ឃុំដំណាក់អំពិ់ល ស្រុកអង្គស្នួលខេត្តកណ្តាល។
ក្នុងឱកាសដ៏សែនក្តុកក្តួលនោះ រដ្ឋបាលស្រុកមុខកំពូល ក៏បាននាំយកបច្ច័យ ចូលរួមបុណ្យដល់គ្រួសារសពមួយចំនួនផងដែរ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ រដ្ឋបាលស្រុកមិខកំពូល ព្រមទាំងមន្ត្រីរាជការទាំងអស់ ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី យុន វ៉ាន់ឌី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ព្រឹន្ទបាលទោ រិន វាសនា ឲ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។