ខេត្តកណ្ដាល÷កាលពីព្រឹកថ្ងៃទី២៧ ខែកក្តកដាឆ្នាំ២០២៥ ប្រតិភូខេត្តកណ្ដាលដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំ អន្តរាគមន៍លេខ៣ កងទ័ពជើងគោកដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១០នាទីរសៀល ក្នុងជន្មាយុ ៦៧ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា នៅទីតាំងតម្កល់សពធ្វើបុណ្យ ទក្ខិណានុប្បទាននៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងប្រតិភូខេត្តកណ្ដាល បានចូលសួមរំលែកទុក្ខ ជូនគ្រួសារនៃសព ដោយសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត។
មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏ដូចប្រតិភូខេត្តកណ្ដាលទាំងអស់ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានដល់ឋានបរមសុខ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
.